សូមស្វាគមន៍មកកាន់ មជ្ឈមណ្ឌលលំហចិត្ត (Mindspace Center) កន្លែងដែលយើងជឿជាក់ថា ការយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត គឺជាជំហានដំបូងនៃជីវិតសុខសាន្ត និងការរីកចម្រើន។
ក្នុងជីវិតប្រចាំថ្ងៃ មនុស្សគ្រប់រូបអាចជួបប្រទះនឹងភាពតានតឹង កង្វល់ ឬការលំបាកផ្លូវចិត្ត។ នៅទីនេះ យើងសូមផ្តល់នូវ កន្លែងសុវត្ថិភាព ស្ងប់ស្ងាត់ និងប្រកបការគោរព វិជ្ជាជីវៈ ដែលអ្នកអាចនិយាយចេញពីអារម្មណ៍និងបទពិសោធន៍របស់អ្នក អ្នកជំនាញផ្លូវចិត្ត។
មជ្ឈមណ្ឌលលំហចិត្ត ត្រូវបានបង្កើតឡើងដោយក្រុមអ្នកជំនាញវិជ្ជាជីវៈ យល់ដឹងអំពីសុខភាពផ្លូវចិត្ត និងផ្តល់ការគាំទ្រដែលអាចប៉ះពាល់វិជ្ជមានដល់ជីវិតមនុស្ស។ យើងផ្ដល់ការសន្ទនាដ៏យល់ចិត្ត និងគិតគូរពីសុខុមាលភាពរបស់អ្នក យើងអមដំណើរអ្នកទៅកាន់ការជាសះស្បើយ។
សូមអរគុណដែលបានជ្រើសរើសជឿទុកចិត្តលើមជ្ឈមណ្ឌលលំហចិត្ត។ យើងសង្ឃឹមថា គេហទំព័រនេះនឹងជួយឲ្យអ្នកស្គាល់សេវាកម្ម និងគោលបំណងរបស់យើងបានកាន់តែច្បាស់ ហើយនាំឲ្យអ្នកធ្វើជំហានដំបូងក្នុងការថែរក្សាសុខភាពផ្លូវចិត្តរបស់ខ្លួន។
ដោយក្ដីគោរពយ៉ាងខ្ពង់ខ្ពស់,
លី សុខឃុន
ប្រធានដឹកនាំមជ្ឈមណ្ឌលលំហចិត្ត – Mindspace Center
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ មជ្ឈមណ្ឌលលំហចិត្ត (MSC) បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាផ្លូវការជាមួយ សាលា AiA ដែលជាព្រឹត្តិការណ៍សំខាន់មួយក្នុងការបង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់ក្នុងការផ្ដល់សេវាប្រឹក្សានិងការ គាំទ្រផ្លូវចិត្តទៅកាន់សាលារៀនឱ្យកាន់តែប្រសើរ។
ភាពជាដៃគូយុទ្ធសាស្ត្រនេះផ្តោតលើការរួមបញ្ចូល ការរៀនសូត្រផ្នែកសង្គម និងអារម្មណ៍ (SEL) ការគាំទ្រសុខភាពផ្លូវចិត្ត និងការអភិវឌ្ឍការយល់ដឹងខាងក្នុង ទៅក្នុងក្របខ័ណ្ឌស្នូលនៃសហគមន៍ AiA។ តាមរយៈកិច្ចសហការនេះ ស្ថាប័នទាំងពីរមានគោលបំណងពង្រឹងភាពធន់ផ្នែកអារម្មណ៍ បង្កើនការរីកចម្រើនផ្ទាល់ខ្លួន និងលើកកម្ពស់បរិយាកាសសិក្សាដែលគាំទ្រដល់សិស្សានុសិស្ស និងបុគ្គលិក។
ពិធីចុះហត្ថលេខានេះត្រូវបានរៀបចំឡើងនៅទីស្នាក់ការកណ្តាល មជ្ឈមណ្ឌល លំហចិត្ត ក្នុងទីក្រុងភ្នំពេញ និងត្រូវបានដឹកនាំដោយ លោកវេជ្ជបណ្ឌិត ថង វាសនា នាយកប្រតិបត្តិនៃ AiA និង លោកស្រី លី សុខឃុន នាយិកាគ្រប់គ្រងនៃមជ្ឈមណ្ឌល លំហចិត្ត។
ដោយផ្តល់អាទិភាពដល់សុខុមាលភាពផ្លូវចិត្ត រួមជាមួយនឹងឧត្តមភាពផ្នែកសិក្សា សាលា AiA បន្តកំណត់ស្តង់ដារខ្ពស់សម្រាប់ការអប់រំនៅសតវត្សរ៍ទី២១ ដោយធានាថា សិស្សានុសិស្ស និងអ្នកអប់រំរីកចម្រើន មិនត្រឹមតែផ្នែកបញ្ញាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្នែកអារម្មណ៍ និងសង្គមផងដែរ។
នៅថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2025 មជ្ឈមណ្ឌលលំហចិត្ត (MSC) បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាផ្លូវការជាមួយក្រុមអ្នកចិត្តសាស្រ្តគ្លីនិក (CSP) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ លើការផ្តល់ការគាំទ្រ និងសេវាសុខភាពផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជា។
ការចុះអនុស្សរណៈនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងភាគីទាំងពីរ ក្នុងការលើកកម្ពស់គុណភាពសេវាកម្ម បង្កើនការយល់ដឹងអំពីសុខភាពផ្លូវចិត្ត និងពង្រីកឱកាសឱ្យប្រជាពលរដ្ឋទទួលបានការគាំទ្រដែលមានប្រសិទ្ធភាព និងសមស្របតាមតម្រូវការ។
តាមរយៈកិច្ចសហការនេះ MSC និង CSP នឹងធ្វើការរួមគ្នាលើសកម្មភាពសំខាន់ៗជាច្រើន រួមមានការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍វិជ្ជាជីវៈ ការគាំទ្រផ្នែកបច្ចេកទេស ការអភិវឌ្ឍសមត្ថភាពអ្នកជំនាញ និងការជំរុញសេវាសុខភាពផ្លូវចិត្តឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។
មជ្ឈមណ្ឌលលំហចិត្ត (MSC) ជឿជាក់ថា កិច្ចសហការនេះនឹងជាជំហានសំខាន់មួយក្នុងការរួមចំណែកកសាងប្រព័ន្ធគាំទ្រសុខភាពផ្លូវចិត្តដែលរឹងមាំ ប្រកបដោយវិជ្ជាជីវៈ និងឆ្លើយតបបានល្អប្រសើរចំពោះតម្រូវការរបស់សហគមន៍នៅកម្ពុជា។
មជ្ឈមណ្ឌលលំហចិត្ត បានចូលរួមចែករំលែកចំណេះដឹងសុខភាពផ្លូវចិត្តដល់យុវជនក្រោមប្រធានបទ “ផ្លូវចិត្ត និងការកសាងសន្តិភាព” ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីសុខភាពផ្លូវចិត្តក្នុងការរស់នៅប្រចាំថ្ងៃ និងក្នុងសង្គម។
កម្មវិធីនេះផ្តោតលើការជួយឱ្យយុវជនស្វែងយល់អំពីស្ថានភាពចិត្ត និងរាងកាយរបស់ខ្លួន ការសង្កេតអារម្មណ៍ និងការឆ្លើយតបរបស់ខ្លួននៅពេលប្រឈមនឹងសម្ពាធផ្សេងៗ។ ជាពិសេស ក៏បានលើកឡើងអំពីការថែទាំខ្លួនឯង និងការបំបែកគំនិតអាត្មានិយម ដែលធ្វើឱ្យមនុស្សមួយចំនួនមានអារម្មណ៍ថាការថែទាំខ្លួនឯងជារឿងមិនចាំបាច់។
តាមរយៈការចែករំលែកនេះ យុវជនអាចយល់ឃើញថា ការថែរក្សាសុខភាពផ្លូវចិត្ត គឺជាគន្លឹះសំខាន់មួយក្នុងការកសាងសន្តិភាព ទាំងនៅក្នុងខ្លួនឯង និងក្នុងសហគមន៍។
ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ មជ្ឈមណ្ឌលលំហចិត្ត (MSC) បានរៀបចំកម្មវិធីពិសេសមួយ ដែលភ្ជាប់រវាង តន្ត្រី និងសុខភាពផ្លូវចិត្ត ក្រោមប្រធានបទ “តំណឹងចិត្ត និងការងារ”។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយដល់អ្នកដែលកំពុងប្រឈមមុខនឹង ភាពនឿយណាយចិត្ត (Burnout) និងរាងកាយពីការងារ ឱ្យមានឱកាសឈប់សម្រាក ប្រែក្លាយពេលវេលាមួយផ្នែកមកសម្រាប់ ការថែរក្សាចិត្តខ្លួនឯង។
ក្នុងបរិយាកាសនៃតន្ត្រី និងសកម្មភាពពិចារណាខ្លួន អ្នកចូលរួមអាចចំណាយពេលស្ងប់ស្ងាត់ជាមួយខ្លួនឯង ស្ដាប់នូវអារម្មណ៍ខ្លួន បង្កើនការយល់ចិត្តខ្លួនឯង និងស្វែងរកធនធានខាងក្នុងដែលខ្លួនមានសម្រាប់ដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃ។
លើសពីនេះ កម្មវិធីក៏បានផ្តល់ឱកាសឱ្យអ្នកចូលរួម ស្វែងយល់បន្ថែមអំពីសញ្ញានៃតំណឹងចិត្ត ដែលអាចកើតមានពីការងារ និងសម្ពាធក្នុងជីវិត។ អ្នកចូលរួមបានរៀនពី វិធីសាស្រ្តសាមញ្ញ និងអនុវត្តបានងាយៗ ដើម្បីថែរក្សាសុខភាពផ្លូវចិត្ត ដែលអាចអនុវត្តបានសូម្បីតែនៅផ្ទះ ឬក្នុងជីវិតប្រចាំថ្ងៃ។
កម្មវិធីនេះមិនត្រឹមតែជាកន្លែងសម្រាប់ការសម្រាកប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលអាចជួយឱ្យមនុស្ស ភ្ជាប់ទំនាក់ទំនងជាមួយខ្លួនឯងឡើងវិញ ស្តារថាមពលផ្លូវចិត្ត និងបង្កើនការយល់ដឹងអំពីការថែរក្សាខ្លួនឯង ក្នុងបរិបទការងារនិងជីវិតប្រចាំថ្ងៃ។
មជ្ឈមណ្ឌលលំហចិត្ត បានចែករំលែកចំណេះដឹងអំពីសុខភាពផ្លូវចិត្ត ដោយលើកយកសំណួរដែលមនុស្សជាច្រើនតែងមានសង្ស័យថា៖ “តើអ្នកដែលមានបញ្ហាសុខភាពផ្លូវចិត្ត គឺឆ្កួតមែនទេ?”
ចម្លើយគឺ មិនមែនទេ។ បញ្ហាសុខភាពផ្លូវចិត្ត គឺជាស្ថានភាពមួយដែលអាចកើតមានដល់មនុស្សគ្រប់រូប ដូចជាតំណឹងចិត្ត (Stress) ការថប់បារម្ភ ភាពសោកសៅ ឬបញ្ហាផ្សេងៗក្នុងជីវិតប្រចាំថ្ងៃ។ វាមិនមានន័យថាបុគ្គលនោះ “ឆ្កួត” ឬបាត់បង់សមត្ថភាពទេ ប៉ុន្តែជាសញ្ញាថាមនុស្សម្នាក់កំពុងប្រឈមនឹងការលំបាកផ្លូវចិត្ត និងត្រូវការការយល់ដឹង និងការគាំទ្រ។
ការបកស្រាយតាមបែបចិត្តវិទ្យា បានជួយឱ្យយើងយល់ច្បាស់ថា ស្ថានភាពផ្លូវចិត្តនីមួយៗមានមូលហេតុ និងដំណើរការផ្សេងៗគ្នា ហើយអាចត្រូវបានគ្រប់គ្រង ឬព្យាបាលបានតាមវិធីសាស្រ្តសមស្រប។ ការយល់ដឹងត្រឹមត្រូវអំពីបញ្ហានេះ គឺជាជំហានដំបូងដ៏សំខាន់ក្នុងការកាត់បន្ថយការរើសអើង និងបង្កើនការយល់ចិត្តគ្នា។
បន្ថែមពីនេះ ការស្វែងរកជំនួយពីអ្នកជំនាញសុខភាពផ្លូវចិត្ត ក៏ជាជម្រើសសំខាន់មួយដែលអាចជួយឱ្យបុគ្គលយល់ដឹងអំពីខ្លួនឯង កំណត់វិធីសាស្រ្តដោះស្រាយបញ្ហា និងស្តារសុខុមាលភាពផ្លូវចិត្តឱ្យប្រសើរឡើងវិញ។
សុខភាពផ្លូវចិត្ត គឺជាផ្នែកមួយនៃជីវិតមនុស្សទាំងអស់គ្នា ហើយការស្វែងរកជំនួយ មិនមែនជារឿងខ្សោយទេ ប៉ុន្តែជាជំហាននៃការថែរក្សាខ្លួនឯង។
មជ្ឈមណ្ឌលលំហចិត្ត បានចូលរួមជាមួយ វិទ្យុស្រ្តី Women’s Radio ក្នុងការចែករំលែកចំណេះដឹងអំពីសុខភាពផ្លូវចិត្តក្រោមប្រធានបទ “យុវត្តី និងការតានតឹងផ្លូវចិត្ត” ដើម្បីលើកកម្ពស់ការយល់ដឹង និងការយកចិត្តទុកដាក់លើសុខុមាលភាពផ្លូវចិត្តរបស់យុវត្តីក្នុងសង្គមបច្ចុប្បន្ន។
កម្មវិធីនេះបានផ្តោតលើការពន្យល់អំពីមូលហេតុនៃការតានតឹងផ្លូវចិត្ត សញ្ញាដែលអាចកើតមាន និងផលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ។ ជាពិសេស ក៏បានចែករំលែកវិធីសាស្រ្តសាមញ្ញក្នុងការថែរក្សាខ្លួនឯង និងការគ្រប់គ្រងតំណឹងចិត្ត (Stress) ដើម្បីជួយឱ្យយុវត្តីអាចរស់នៅបានមានតុល្យភាព និងមានសុខុមាលភាពល្អប្រសើរ។
តាមរយៈការចូលរួមនេះ មជ្ឈមណ្ឌលលំហចិត្តមានបំណងជំរុញឱ្យយុវត្តីយល់ដឹងអំពីសុខភាពផ្លូវចិត្ត និងក្លាហានក្នុងការស្វែងរកជំនួយពេលដែលត្រូវការ។
មជ្ឈមណ្ឌលលំហចិត្ត បានដឹកនាំកម្មវិធី Staff Retreat ទៅកាន់គ្លីនិកកុមារ និងទារកអង្គតាមិញ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពផ្លូវចិត្ត និងការសម្រាករបស់បុគ្គលិក បន្ទាប់ពីការបំពេញភារកិច្ចប្រចាំថ្ងៃ។
កម្មវិធីនេះផ្តល់ឱកាសឱ្យបុគ្គលិកបានសម្រាកពីសម្ពាធការងារ ភ្ជាប់ទំនាក់ទំនងជាមួយគ្នាវិញ និងចំណាយពេលជាមួយខ្លួនឯង តាមរយៈសកម្មភាពដែលជួយបន្ថយស្ត្រេស និងបង្កើនថាមពលវិជ្ជមាន។
តាមរយៈ Staff Retreat នេះ មជ្ឈមណ្ឌលលំហចិត្តមានគោលបំណងបង្កើតបរិយាកាសការងារដែលមានការគាំទ្រ លើកទឹកចិត្ត និងជួយឱ្យបុគ្គលិកមានសុខុមាលភាពល្អប្រសើរ ដើម្បីបន្តផ្តល់សេវាដែលមានគុណភាពដល់សហគមន៍។
មជ្ឈមណ្ឌលលំហចិត្ត បានចូលរួមជាមួយទូរទស្សន៍ Town ក្នុងកម្មវិធី “នាទីសុខភាព” ដើម្បីចែករំលែកចំណេះដឹងអំពីបញ្ហាសុខភាពផ្លូវចិត្តទៅកាន់សាធារណជន។ ការចូលរួមនេះមានគោលបំណងលើកកម្ពស់ការយល់ដឹង និងជំរុញឱ្យមនុស្សគ្រប់រូបយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តរបស់ខ្លួន។
ក្នុងកម្មវិធីនេះ មជ្ឈមណ្ឌលលំហចិត្តបានចែករំលែកអំពីការកត់សម្គាល់សញ្ញាដែលបង្ហាញថាអាចមានបញ្ហាសុខភាពផ្លូវចិត្ត និងវិធីសាស្រ្តសាមញ្ញក្នុងការថែរក្សាខ្លួនឯង។ លើសពីនេះ ក៏បានលើកទឹកចិត្តឱ្យអ្នកដែលមានការសង្ស័យថាខ្លួនកំពុងប្រឈមនឹងបញ្ហា ឆាប់ស្វែងរកជំនួយពីអ្នកជំនាញ ដើម្បីទទួលបានការគាំទ្រត្រឹមត្រូវ និងពេលវេលាសមស្រប។
មជ្ឈមណ្ឌលលំហចិត្តមានក្រុមអ្នកជំនាញដែលមានបទពិសោធន៍ និងបានបញ្ចប់ការសិក្សាផ្នែកប្រឹក្សា និងព្យាបាលផ្លូវចិត្ត ដែលអាចផ្តល់ការគាំទ្រដោយមានវិជ្ជាជីវៈ និងគួរឱ្យទុកចិត្ត។ ពួកយើងត្រៀមខ្លួនជានិច្ចក្នុងការជួយឱ្យអ្នកស្តារសុខុមាលភាពផ្លូវចិត្ត និងធ្វើឱ្យជីវិតប្រចាំថ្ងៃមានតុល្យភាព និងល្អប្រសើរឡើងវិញ។
មជ្ឈមណ្ឌលលំហចិត្ត បានរៀបចំកម្មវិធី “ខ្ញុំស្ដាប់អ្នក” ក្នុងគោលបំណងបង្កើតលំហសុវត្ថិភាពមួយ សម្រាប់អ្នកចូលរួមអាចចែករំលែក និងស្ដាប់បទពិសោធន៍ជីវិតពីគ្នាទៅវិញទៅមក។ កម្មវិធីនេះផ្តោតលើការស្ដាប់យ៉ាងយកចិត្តទុកដាក់ ការយល់ចិត្ត និងការគាំទ្រគ្នា ដើម្បីជួយឱ្យមនុស្សម្នាក់ៗមានអារម្មណ៍ថាត្រូវបានយល់ និងមិនឯកោ។ អ្នកចូលរួមអាចចែករំលែកបទពិសោធន៍ អារម្មណ៍ ឬបញ្ហាដែលកំពុងប្រឈមបានដោយសេរី ក្នុងបរិយាកាសដែលគ្មានការវិន្និច្ឆ័យ ស្ដីបន្ទោស ឬសើចចំអក។ ពេលតែមួយនេះផងដែរ ពួកគេក៏អាចស្ដាប់បទពិសោធន៍ពីអ្នកដទៃ ដែលអាចនាំឱ្យមានការយល់ដឹងថ្មីៗ និងមើលឃើញវិធីសាស្រ្តដោះស្រាយផ្សេងៗ។
កម្មវិធី “ខ្ញុំស្ដាប់” មិនត្រឹមតែជាកន្លែងសម្រាប់និយាយប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងសម្រាប់ ការយល់ចិត្ត ការគាំទ្រ និងការរីកចម្រើនផ្លូវចិត្ត ដែលជួយឱ្យអ្នកចូលរួមមានកម្លាំងចិត្ត និងសុខុមាលភាពកាន់តែល្អប្រសើរ។
ខែធ្នូ ឆ្នាំ ២០២៥ មណ្ឈមណ្ឌលលំហចិត្ត បានធ្វើការរៀបចំប្រជុំ សមាជិកសកម្មទាំងអស់ ដែលបានចូលរួមក្នុងការបង្កើតមជ្ឈមណ្ឌលលំហចិត្ត ដែលមានសមាជិកសកម្មចំនួន ១០រូប។
ក្នុងនោះដែរ សមាជិកក្រុមបានបង្ហាញអំពី ផែនការសកម្មភាព ដែលលំហចិត្តសម្រេចបាន និងទិសដៅបន្ត ដែលត្រូវធ្វើ និងការផ្ដាជ្ញាចិត្ត របស់សមាជិក ក្នុងការផ្ដល់នូវសេវាកម្មគាំទ្រផ្លូវចិត្តទៅកាន់អតិថិជនគោលដៅដោយរក្សារនូវគុណតម្លៃស្នូររបស់លំហចិត្ត៖
សុចរិតភាព៖ ប្រកាន់ខ្ជាប់នូវស្តង់ដារ នៃការថែទាំផ្អែកលើភស្តុតាង ដែលដឹកនាំដោយក្រមសីលធម៌ ការត្រួតពិនិត្យ និងការយល់ដឹងអំពីវប្បធម៌។
ការគោរព៖ សុខុមាលភាពផ្លូវចិត្ត គឺជាមូលដ្ឋានគ្រឹះ ដែលចាត់ទុកបុគ្គលគ្រប់រូបដោយកិត្តិយស និងក្តីមេត្តាដែលសមនឹងទទួលបាន។ យើងស្រមៃមើលសង្គមមួយដែលសុខុមាលភាពផ្លូវចិត្តត្រូវបានដាក់បញ្ចូលទៅក្នុងជីវិតប្រចាំថ្ងៃ ដែលអ្នកប្រកបរបរត្រូវបានគោរពជាអ្នកជំនាញផ្នែកសុខភាពដ៏សំខាន់។
ចែករំលែក៖ គាំទ្រដល់ការរីកចម្រើននៃអ្នកជំនាញសុខភាពផ្លូវចិត្តក្នុងតំបន់ តាមរយៈការត្រួតពិនិត្យ ការណែនាំ និងការចែករំលែកចំណេះដឹង។
សុវត្ថិភាព៖ បង្កើតបរិយាកាសដែលមានសុវត្ថិភាព ទាំងផ្លូវកាយ និងអារម្មណ៍ ដែលលើកកម្ពស់ភាពស្ងប់ស្ងាត់ ទំនុកចិត្ត និងការធ្វើឱ្យឡើងវិញពីវិបត្តិ។
វិជ្ជាជីវៈ៖ អ្នកផ្ដល់សេវា ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដែលមានកម្រិតវប្បធម៌ពីស្ថានប័នដែលទទួលស្គាល់ដោយជាតិ និងអន្តរជាតិ។
នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ មជ្ឈមណ្ឌលលំហចិត្ត បានចូលរួមសហការជាមួយ សាលា PLA ក្នុងកម្មវិធី “ជួបជាមួយអ្នកជំនាញ PLA” ដែលរៀបចំឡើងដើម្បីបង្កើតឱកាសឱ្យអាណាព្យាបាលបានជួបពិភាក្សាជាមួយអ្នកជំនាញក្នុងវិស័យផ្សេងៗ។
ក្នុងកម្មវិធីនេះ អ្នកជំនាញសុខភាពផ្លូវចិត្តពីមជ្ឈមណ្ឌលលំហចិត្ត បានជួបជាមួយអាណាព្យាបាល ដើម្បីជជែក និងចែករំលែកចំណេះដឹងអំពី សុខុមាលភាពផ្លូវចិត្តរបស់កុមារ ទាំងនៅក្នុងបរិបទគ្រួសារ និងបរិបទសាលារៀន។ ការពិភាក្សានេះមានគោលបំណងជួយឱ្យអាណាព្យាបាលយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការថែរក្សាសុខភាពផ្លូវចិត្តរបស់កុមារ ក្នុងដំណាក់កាលនៃការលូតលាស់របស់ពួកគេ។
បន្ថែមពីនេះ អ្នកជំនាញក៏បានជួយអាណាព្យាបាល ស្វែងយល់អំពីដំណើរការនៃការរីកលូតលាស់របស់កុមារ រួមទាំងតម្រូវការ និងការគាំទ្រដែលសមស្របទៅតាមដំណាក់កាលនីមួយៗ។ ការយល់ដឹងនេះអាចជួយឱ្យអាណាព្យាបាលមានវិធីសាស្រ្តល្អប្រសើរជាងមុនក្នុងការគាំទ្រ និងថែទាំកូនៗរបស់ពួកគេ។
ជាពិសេស អ្នកប្រឹក្សាសុខភាពផ្លូវចិត្តក៏បានស្ដាប់ និងយកចិត្តទុកដាក់ចំពោះ កង្វល់ និងបទពិសោធន៍ដែលអាណាព្យាបាលបានប្រឈម ទាក់ទងនឹងកូនៗរបស់ពួកគេ។ តាមរយៈការសន្ទនាបើកចំហនេះ ភាគីទាំងពីរបានរួមគ្នាពិភាក្សា និងស្វែងរកវិធីសាស្រ្តដែលអាចជួយដោះស្រាយបញ្ហា និងគាំទ្រកុមារឱ្យមានការលូតលាស់ផ្លូវចិត្ត និងអារម្មណ៍បានល្អប្រសើរ។
កម្មវិធីនេះជាជំហានមួយសំខាន់ក្នុងការពង្រឹង កិច្ចសហការរវាងសាលារៀន គ្រួសារ និងអ្នកជំនាញសុខភាពផ្លូវចិត្ត ដើម្បីបង្កើតបរិយាកាសដែលគាំទ្រដល់ការលូតលាស់របស់កុមារយ៉ាងមានសុខុមាលភាព។
មជ្ឈមណ្ឌលលំហចិត្ត បានចូលរួមជាវាគ្មិនក្នុងកម្មវិធីពិភាក្សា (Panel Discussion) ដែលរៀបចំដោយសាកលវិទ្យាល័យ American University of Phnom Penh (AUPP) ក្រោមប្រធានបទ “Breaking the Stigma: Cultivating Kindness, Balance, and Resilience in Student Life”។
កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្តក្នុងចំណោមនិស្សិត និងបំបែកការរើសអើងដែលនៅតែមានក្នុងសង្គម។ តាមរយៈការចែករំលែកពីអ្នកជំនាញ អ្នកចូលរួមបានស្វែងយល់អំពីសារៈសំខាន់នៃការយល់ចិត្ត ការរក្សាតុល្យភាពក្នុងជីវិត និងការកសាងភាពរឹងមាំផ្លូវចិត្ត ដើម្បីប្រឈមមុខនឹងបញ្ហាប្រចាំថ្ងៃ។
ការចូលរួមនេះបង្ហាញពីការប្តេជ្ញារបស់មជ្ឈមណ្ឌលលំហចិត្ត ក្នុងការផ្សព្វផ្សាយចំណេះដឹងសុខភាពផ្លូវចិត្ត និងជំរុញឱ្យយុវជនក្លាហានក្នុងការស្វែងរកជំនួយ ដោយគ្មានការខ្លាចនៃការរើសអើង។
ក្នុងឆ្នាំ២០២៤ មជ្ឈមណ្ឌលលំហចិត្ត (MSC) បានចូលរួមទិវាសុខភាពផ្លូវចិត្តពិភពលោក ដែលត្រូវបានរៀបចំនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
មជ្ឈមណ្ឌលលំហចិត្ត បានចូលរួមជាផ្នែកមួយ នៃការផ្ដល់សេវាគាំទ្រ សុខភាពផ្លូវចិត្តក្នុងប្រទេសកម្ពុជា ឱ្យកាន់តែទូលាយ និងមានក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់។ តាមរយៈកម្មវិធីទាំងនេះ អ្នកចូលរួមមានឱកាសសិក្សាពីចំណេះដឹងថ្មីៗ អំពីការថែរក្សាសុខភាពផ្លូវចិត្ត ការគាំទ្រផ្លូវចិត្តដល់បុគ្គល និងសហគមន៍ ព្រមទាំងវិធីសាស្ត្របង្កើនសុខុមាលភាពផ្លូវចិត្តក្នុងជីវិតប្រចាំថ្ងៃ។
ការចូលរួមយ៉ាងសកម្មនេះបានបង្ហាញពីការចាប់អារម្មណ៍ និងការយកចិត្តទុកដាក់លើការអភិវឌ្ឍចំណេះដឹង និងជំនាញផ្នែកសុខភាពផ្លូវចិត្ត។ មជ្ឈមណ្ឌលលំហចិត្ត (MSC) នឹងបន្តលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត និងជួយបង្កើតសហគមន៍ដែលមានការយល់ដឹង ការគាំទ្រគ្នាទៅវិញទៅមក និងសុខុមាលភាពផ្លូវចិត្តកាន់តែប្រសើរ។